Sunday 24 April 2016

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីប្រជុំថ្នាក់ដឹកនាំតំណាងខេត្តរាជធានី ផ្សព្វផ្សាយ​បន្ថែម​ពីជំហរ​រួប​រួម​អ្នក​ប្រជាធិបតេយ្យ​

លោកគង់គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី បានដឹកនាំប្រជុំគណកម្មាធិការនាយក នៃគណបក្សសមរង្ស៊ី ដើម្បីផ្សព្វផ្សាយបន្ថែមអំពីលទ្ធផលជំនួបទីក្រុង ម៉ានីលរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ ក៏មានការចូលរួមតាមរយៈវីដេអូខន់ហ្វឺរ៉េន ពីលោកប្រធានសមរង្ស៊ី និងលោកស្រីកែសុវណ្ណរតន៍អគ្គលេខាធិការគណបក្ស។ កិច្ចប្រជុំ ធ្វើឡើង ដើម្បីបញ្ជាក់បន្ថែម ដល់ថ្នាក់ដឹកនាំតំណាងខេត្តរាជធានី របស់គណបក្សសមរង្ស៊ី ទាំងអស់ នូវអ្វី ដែលគណបក្សត្រូវធ្វើ ជាមួយគណបក្សសិទ្ធិមនុស្ស ក្នុង​គោលដៅដើម្បីស្រោចស្រង់ជាតិតាមរយៈការផ្លាស់ប្តូរអំណាចគ្រប់គ្រង​ប្រទេសសព្វថ្ងៃក្នុងឆ្នាំ២០១៣ខាងមុខ។ ការបង្កើតឲ្យមានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាជំហានដំបូង ដែលគណបក្សទាំងពីរបានធ្វើរួមគ្នា ដើម្បី​ប្រមូលយកអ្នកប្រជាធិបតេយ្យដទៃទៀតឲ្យមកចូលរួមជាមួយចលនានេះ។ ជំហានបន្ទាប់គឺការបង្កើតជាគណបក្សនយោបាយថ្មីមួយត្រៀមចូលរួម​បោះឆ្នោត។ ដូចនេះជាការផ្តាំផ្ញើរបស់លោកប្រធានសមរង្ស៊ី អ្វីដែលថ្នាក់ដឹកនាំទាំងអស់ត្រូវធ្វើ គឺធ្វើការផ្សព្វផ្សាយជាបន្តឲ្យបានទូលំទូលាយអំពីជំហរនេះ ហើយនឹងរៀបចំខ្លួនដើម្បីធ្វើការងាររួមគ្នាជាមួយមន្ត្រីគណបក្សសិទ្ធិមនុស្ស។ មានតែការរួមគ្នាទេ ទើបធ្វើឲ្យសម្លេងអ្នកប្រជាធិបតេយ្យ កាន់តែមានឥទ្ធិពល និងកាន់តែមានប្រសិទ្ធិភាព ក្នុងការយកឈ្នះលើគណបក្សគ្រប់គ្រងប្រទេសសព្វថ្ងៃ។

Related Posts