Tuesday 21 October 2014

ទំព័រដើម សកម្មភាព

លោកឡុងរីប្រជុំក្រុមប្រឹក្សាខេត្តក្រចេះផ្សព្វផ្សាយ​ពីលទ្ធផល​នៃជំនួប​រវាង​ គណបក្ស​​សមរង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស នៅក្រុងម៉ានីល​ប្រទេសហ្វីលីពីន

នៅព្រឹកថ្ងៃអាទិត្យទី២២ ខែកក្កដានេះ លោកឡុងរី អ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្ស​សមរង្ស៊ីខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ដើម្បីធ្វើការផ្សព្វផ្សាយពីលទ្ធផល​ជំនួបរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅក្រុងម៉ានីលប្រទេសហ្វីលីពីន កាល​ពីថ្ងៃទី១៦ និង១៧ ខែកក្កដាកន្លងមក។

លោកឡុងរីប្រធានក្រុមប្រឹក្សាខេត្តរបស់គណបក្សសមរង្ស៊ី បានបញ្ជាក់ថា ដោយផ្អែកលើផល​ប្រយោជន៍របស់ជាតិ​ និងប្រជាពលរដ្ឋ គណបក្សសមរង្ស៊ី និងគណបក្សសមរង្ស៊ី បានប្រជុំ សំរេច បង្រួបបង្រួមជាសម្លេងប្រជាធិបតេយ្យតែមួយ ក្នុងគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី​ក្នុងឆ្នាំ២០១៣ខាងមុខ។

ដើម្បីសំរេចឲ្យបាននូវគោលដៅនេះ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបង្កើត​ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីប្រមូលយកប្រជាពលរដ្ឋ និងអ្នកនយោបាយ​ស្នេហាជាតិ​ទាំងអស់ឲ្យមកចូលរួមកំលាំងគ្នា ដែលចលនានេះមានលោកប្រធានសមរង្ស៊ី​ជាប្រធាន លោកកឹមសុខាជាអនុប្រធាន។ ហើយក្នុងពេលដ៏ខ្លីខាងមុខ ចលនា​ប្រជាធិតេយ្យសង្គ្រោះជាតិ នឹងបង្កើតជាគណបក្សនយោបាយថ្មីមួយ ដែលមានថ្នាក់ដឹកនាំ និងសមាជិកកើតចេញពីគណបក្សទាំងពីរ រួមទាំងអ្នកស្នេហាជាតិដ៏ទៃទៀត​ ដើម្បីចូលរួមប្រកួត​ប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៣។

ទាំងគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស និងប្រជាពលរដ្ឋខ្មែរ រំពឹងនឹងអាចយកឈ្នះ​លើគណបក្សប្រជាជនបច្ចុប្បន្ននេះបាន ដរាបណាមានការរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ ដូចនេះហើយទើបជាទិសដៅរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានកំណត់យក​ការជំរុញឲ្យមានកំណែទំរង់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ជាសកម្មភាពយុទ្ធសាស្ត្រ ដើម្បីសំរេច​គោលដៅដឹកនាំប្រទេសនៅអណ្ណត្តិទី៥។ លើសពីនេះវត្តមានរបស់លោកប្រធានសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ី និងជាប្រធាន​គណបក្សថ្មីនោះ ក៏នឹងត្រូវបានអនុញ្ញាតឲ្យមកចូលរួមការបោះឆ្នោតនោះផងដែរ។ បើគ្មាន​វត្តមាន​លោកប្រធានសមរង្ស៊ី ប្រធានគណបក្សប្រឆាំង និងគ្មានការកែទំរង់គជប នោះ ការបោះឆ្នោត នឹងគ្មានការទទួលស្គាល់ ហើយគណបក្សប្រឆាំងក៏មិនចូលរួមការបោះឆ្នោត​នោះដែរ។ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀបនេះ គឺជារដ្ឋាភិបាល​ខុសច្បាប់។

Related Posts