Saturday 18 June 2016

ទំព័រដើម សកម្មភាព

ប្រជាពលរដ្ឋ៤ស្រុកក្នុងខេត្តកំពង់ឆ្នាំងធ្វើការតវ៉ា ដើម្បីការពារដីធ្លី កុំឲ្យក្រុមហ៊ុនរំលោភយក

ប្រជាពលរដ្ឋជិត៥០០នាក់តំណាងឲ្យប្រជាពលរដ្ឋសរុបទាំងអស់ ក្នុងស្រុកចំនួន៤ នៅខេត្តកំពង់ ឆ្នាំង ដែលកំពុងមានការព្រួយបារម្ភចំពោះការព័ទ្ធយកដីធ្វើដោយក្រុមហ៊ុនភាពីម៉ិច ដែលទទួល បានសម្បទានពីរដ្ឋាភិបាល បាននាំគ្នាធ្វើការតវ៉ានៅខាងមុខសាលាខេត្តកំពង់ឆ្នាំង កាលពីម្សិល មិញ ខណៈពេលដែរ មានប្រជាពលរដ្ឋ ជាច្រើនរយនាក់ទៀត ត្រូវបានរារាំងមិនឲ្យមកចូលរួម ដោយកម្លាំង សម្ថកិច្ចមូលដ្ឋាន។

នាពេលថ្មីៗនេះ ក្រុមហ៊ុនភាពីម៉ិច ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ស្ត្រីស្និទ្ធ នឹងភរិយាលោក នាយករដ្ឋមន្ត្រី បានធ្វើការបាញ់ថ្នាំកំណត់ព្រំប្រទល់ដីសម្បទានរបស់ខ្លួនទំហំ ១៧,៦០៦៥ហិចតា ឋិតក្នុងស្រុកចំនួន៤ នាខេត្តកំពង់ឆ្នាំងមានស្រុកបរិបូរណ៍ ស្រុកទឹកផុស​ ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀ ដែលប៉ះពាល់ដល់ ដីធ្លីស្រែចំការ ដីផ្ទះសម្បែង ដីសាលារៀន ដីវត្តអារាម ដីមន្ទីរពេទ្យ និងដីព្រៃសហគមន៍រក្សាទុកសំរាប់ឃ្វាលគោក្របី និងព្រៃជំនឿរបស់ប្រជាពលរដ្ឋ នេះបើតាមការអះអាងពីសមាជិកក្រុមប្រឹក្សាខេត្តមួយរូប ដែលបានឈឺឆ្អាលជាមួយប្រជាពលរដ្ឋ នៅតំបន់នោះ។

ក្នុងពាក្យតវ៉ារបស់ប្រជាពលរដ្ឋ ពួកគាត់បានស្នើសុំឲ្យអជ្ញាធរខេត្តជួយធ្វើអន្តរាគមន៍ ដោយឆ្លើយ តបទៅនឹងសំណូមពររបស់ពួកគាត់មានដូចជា រក្សាដីផ្ទះសម្បែង ដីស្រែចំការ និងដីសម្រាប់ឲ្យ ប្រជាពលរដ្ឋឃ្វាលគោក្របី ត្រូវកាត់ដីមន្ទីរពេទ្យ វត្តអារាម និងសាលារៀនចេញពីប្លង់របស់ក្រុម ហ៊ុន។ រក្សាទុកផ្លូវសំរាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូល រក្សាស្ទឹងធម្មជាតិ ដែលប្រជាពលរដ្ឋ ធ្លាប់ប្រើប្រាស់ និងត្រូវកំណត់ព្រំប្រទល់ដីសម្បទានជាថ្មីឲ្យបានច្បាស់លាស់ និងមានការចូលរួម ពីប្រជាពលរដ្ឋ ដើម្បីធានាថាមិនប៉ះពាល់ដល់ដីធ្លីកម្មសិទ្ធិរបស់ពួកគាត់។ លើសពីនេះសុំឲ្យក្រុម ហ៊ុនភាពីម៉ិច ដែលស្និទ្ធិ និងរដ្ឋាភិបាលនេះត្រូវធ្វើការសិក្សាពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុង ជ្រោយ និងស៊ីជំរៅ មុននឹងសំរេចធ្វើការអភិវឌ្ឍ នៅលើផ្ទៃដីនោះ។

លោកទឹម ប៊ុណ្ណា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងមួយរូប​មកពីគណបក្សសមរង្ស៊ីបាន ប្រាប់ឲ្យដឹងកាលពីម្សិលមិញអំឡុងពេល ដែលប្រជាពលរដ្ឋកំពុងតវ៉ាយ៉ាងដូច្នេះទៀតថា៖ មាន តំណាងប្ រជាពលរដ្ឋ១០នាក់ត្រូវបានហៅឲ្យចូលទៅជួបចរចាជាមួយតំណាងអភិបាលខេត្ត នៅ ម៉ោង២រសៀលនេះ។ ប្រជាពលរដ្ឋ ដែលមកតវ៉ាទាំងអស់កំពុងរង់ចាំលទ្ធផលចរចា ប្រសិន អជ្ញាធរមិនធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តទេ ពួកគាត់នឹងមិនត្រឡប់ទៅវិញឡើយ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមតវ៉ាបានរំសាយនៅវេលាល្ងាចថ្ងៃពុធ ដោយអជ្ញាធរបានសន្យា យ៉ាងជាក់លាក់ជាមួយតំណាងប្រជាពលរដ្ឋ ថានឹងធ្វើការដោះស្រាយជូន ប៉ុន្តែសុំឲ្យប្រជាពលរដ្ឋ ធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ​ និងផ្ទៃដីប៉ះពាល់ឲ្យច្បាស់លាស់សិន។

តំណាងពលរដ្ឋមួយរូបឈ្មោះ ពេញអាត មកពីឃុំអញ្ជាញរ៉ូង ស្រុកបរិបូរណ៍ បានប្រាប់នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីមានការស្នើសុំរបស់អជ្ញាធរខេត្តឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅវិញ ដោយការសន្យាដ៏គួរឲ្យទុកចិត្តនោះ ប្រជាពលរដ្ឋ បានត្រឡប់មកវិញអស់ហើយ។ តំណាងពួក គាត់នៅគ្រប់ឃុំដែលប៉ះពាល់ទាំងអស់ កំពុងធ្វើការស្រង់ស្ថិតិដីធ្លី និងចំនួនប្រជាពលរដ្ឋដើម្បីរង់ ចាំអភិបាលខេត្តចុះមកដោះស្រាយ ក្នុងពេលយ៉ាងឆាប់រហ័ស តាមការសន្យា។ លោកស្រីពេញ អាតបានបន្តទៀតថា​សំរាប់គ្រួសាររបស់លោកស្រីផ្ទាល់ នឹងបាត់ដីស្រែចំនួន២ហិចតា បើយោង តាមគំនូសដែលក្រុមហ៊ុនបានគូសចំណាំ ហើយប្រជាពលរដ្ឋខ្លះទៀតបាត់រហូតដល់៥ហិចតាក៏ មាន។ លោកស្រីថា សរុបអ្នកដែលប៉ះពាល់ដល់ផ្ទះសម្បែងមានចំនួន ១០១គ្រួសារ ហើយកំពុង ស្រង់ស្ថិតិផ្ទៃដីស្រែ ក្រៅពីនោះមានផ្ទៃដីព្រៃរបស់សហគមន៍ទំហំ១៥០៧ហិចតាទៀត។

តំណាងពលរដ្ឋមួយរូបទៀតឈ្មោះ ដេង យ៉ិន មកពីឃុំពេជ្រចង្វារបានប្រាប់ឲ្យដឹងផងដែរថា ប្រជាមិនបញ្ឈប់ការតវ៉ានោះទេ ប៉ុន្តែផ្អាកមួយរយៈ ដោយរង់ចាំការដោះស្រាយពីអជ្ញាធរខេត្ត។ ហើយប្រសិនការសន្យាដោះស្រាយគ្រាន់តែជាលេស នោះពួគគាត់នឹងប្រមូលគ្នាតវ៉ាម្តងទៀត​ហើយអាចមករកលោកនាយករដ្ឋមន្ត្រីទៀតផង។

តំណាងមួយរូបទៀតមកពីឃុំត្រពាំងចន្ទ បានប្រាប់ដែរថា ដីទាំងនោះត្រូវបានប្រជាពលរដ្ឋរស់ នៅនឹងធ្វើស្រែចំការជាយូរមកហើយ ខ្លះរហូតដល់៣០ឆ្នាំក៏មាន។ ប៉ុន្តែក្រុមហ៊ុនដែលទើបនឹង កើតសោះ ហេតុអ្វីបានជារដ្ឋាភិបាលយល់ព្រមយកដីពលរដ្ឋប្រគល់ឲ្យក្រុមហ៊ុនទៅវិញ។ លោក បានទទូចឲ្យមានការពិចារណាសាជាថ្មី ដោយត្រូវធ្វើការសិក្សាពីផលប៉ះពាល់ជាក់ស្តែង មុននឹង សំរេចផ្តល់សម្បទានឲ្យក្រុមហ៊ុន។ ម្យ៉ាងទៀតគួររក្សាដីនោះទុកសំរាប់ប្រជាពលរដ្ឋ ព្រោះវាជា អាយុជីវិតរបស់គាត់។

ដោយថ្លែងការពារជំហររបស់ប្រជាពលរដ្ឋ លោក ទឹម ប៊ុណ្ណា សមាជិក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្សសមរង្ស៊ី បានប្រាប់ទៀតថា លោកធ្លាប់បានលើកយករឿងនេះទៅជជែកក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាខេត្ត ប៉ុន្តែត្រូវបានស្តីបន្ទោស ដោយថាការអភិវឌ្ឍតំបន់នោះគឺធ្វើតាមគំរូស្បែកខ្លា

មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទេ។ លោកថាលោកគាំទ្រប្រសិនបើការអះអាង នេះ វាជាការពិត ប៉ុន្តែផ្ទុយទៅវិញលោកនៅតែបន្តការតស៊ូមតិ ប្រសិនបើមានប្រជាពលរដ្ឋត្រូវ បានបណ្តេញចេញ ដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុន។

ក្រុមហ៊ុនភាពីម៉ិចដែលទទួលបានសម្បទានពីរដ្ឋាភិបាលនេះ មានរយៈពេល៩៩ឆ្នាំ សំរាប់ការដាំ ដុះដំណាំកសិឧស្សាហកម្ម។

សូមបញ្ជាក់ថាកន្លងមកដោយសារតែការសម្រេចដោយឯកតោភាគីរបស់រដ្ឋាភិបាល ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការផ្តល់សម្បទានឲ្យក្រុមហ៊ុនឯកជនក្រោមលេសអភិវឌ្ឍ មានមនុស្សច្រើនម៉ឺនគ្រួសារត្រូវបានបណ្តេញចេញពីដីធ្លីផ្ទះសំបែង ហើយមានពលរដ្ឋរាប់ម៉ឺន នាក់ទៀតកំពុងតវ៉ាប្រឆាំងគំរោងអភិវឌ្ឍ ដែលរំលោភយកដីរបស់ខ្លួនដោយអយុត្តិធម៌។ ពាក្យ សម្បទានវាពិរោះ សំរាប់រដ្ឋាភិបាល និងក្រុមហ៊ុនខិលខូចមួយចំនួន ប៉ុន្តែសំរាប់ប្រជាពលរដ្ឋ មានតែសំរក់ទឹកភ្នែកឈឺចាប់ចំពោះសម្បទាននេះទៅវិញ។ សម្បទានគឺការបណ្តេញចេញ ដែល ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លីផ្ទះសំបែង ស្រែចំការ មុខរបរ ជំនឿ ជាដើម។

លោកសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ី ដែលកំពុងប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីពី លោកហ៊ុនសែន បានអះអាងថា រដ្ឋាភិបាលសមរង្ស៊ី នឹងយកដីដែលបានផ្តល់សម្បទានខុសច្បាប់ និងប៉ះពាល់ដល់ប្ រជាពលរដ្ឋទាំងអស់មកវិញ ហើយធ្វើការបែងចែកឲ្យប្រជាពលរដ្ឋ ដើម្បីមាន ផ្ទៃដីដាំដុះ និងរស់នៅដោយសមរម្យ។ លោកថា ការផ្តល់ឲ្យប្រជាពលរដ្ឋ មានមុខរបរ មានជីវភាពសមរម្យទើបហៅថាជាការអភិវឌ្ឍពិតប្រាកដ ហើយរដ្ឋាភិបាលបច្ចុប្បន្នមិនអាចធ្វើ បាននោះទេ ដោយសារទំនាស់ផលប្រយោជន៍ និងការប្រព្រឹត្តអំពើពុករលួយ។ មានក្រុមហ៊ុន មួយចំនួនដែលកំពុងកាន់កាប់ដីរបស់បងប្អូនប្រជាពលរដ្ឋ មានភាគហ៊ុនរបស់មន្ត្រីធំៗក្នុង អំណាច ដូច្នេះការបញ្ឈប់ការយកដីរបស់ពលរដ្ឋ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់គេមិន ខាន។ គណបក្សសមរង្ស៊ីជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ។ គណបក្សសមរង្ស៊ីនឹងរកយុត្តិ ធម៌ជូនរាស្ត្រខ្មែរ នឹងប្រគល់ដីស្រែចំការសងរាស្ត្រខ្មែរវិញ ហើយត្រូវបញ្ចប់វប្បធម៌ជិះជាន់រាស្ត្រ និងការលក់ទ្រព្យសម្បត្តិជាតិ ៕ កង​ ប៊ុន

 

Related Posts