Tuesday 26 June 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី នៅពេលដឹកនាំប្រទេស នឹងសើរើ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខា​ង​ ពិសេសប្រទេសវៀតណាម​ ដើម្បីទាមទារ​យកចំណែក ដែលបាន​បាត់​បង់​មក​វិញ

ទាំងអង្គការសង្គមស៊ីវិល ទាំងតំណាងរាស្ត្រគណបក្សប្រឆាំង សុទ្ធតែមិនបាន​បង្ហាញ​នូវការគាំទ្រ​​បន្តិចទាល់​តែសោះ​ ចំពោះ​ការកំណត់​ព្រំដែន​ថ្មី ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនាពេលកន្លងមក​រហូតមកទល់ពេលនេះ ជាមួយនឹងប្រទេសវៀតណាម។ វាគឺជាការខាតបង់ដ៏ធំធេងណាស់សំរាប់​ជាតិខ្មែរ នៅពេលដែលការកំណត់អំពីព្រំដែនត្រូវបានធ្វើឡើងដោយស្ងាត់ៗរបៀបលួចលាក់ គ្មានការចូលរួមពីគ្រប់ភាគី ដែលជាម្ចាស់ទឹកម្ចាស់ដី ម្ចាស់វាសនាជាតិដូច្នេះ។

ប្រទេសណាក៏ដោយនៅលើសកលលោក សូម្បីតែប្រទេសថៃក្បែរកម្ពុជា គេខិតខំការពារបូរណ​ភាពទឹកដីរបស់គេ ហើយថែមទាំងមានបំណងពង្រីកបន្ទាត់ព្រំដែនថែមទៀត ប៉ុន្តែអភ័ព្វតែកម្ពុជា បានចាត់ទុករឿងបូរណភាពទឹកដីជារឿងលេងសើច ធ្វើការកំណត់ជាមួយប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដោយស្ងាត់ៗ សំរេចដោយមនុស្សតែមួយក្រុមតូច មិនដឹងថាមាន​ការ​ប្រើប្រាស់បច្ចេកទេសយ៉ាងណា និងពឹងផ្អែកលើផែនទីផ្ទាំងណាក៏មិនបានដឹងនោះទេ។

ពលរដ្ឋកម្ពុជាមិនប្រាថ្នាឲ្យរដ្ឋាភិបាលពង្រីកផ្ទៃដីប្រទេសឲ្យធំជាងនេះនោះទេ សូម្បីតែមួយមីល្លី​ម៉ែត្រ ប៉ុន្តែសុំត្រឹមតែចេះស្រឡាញ់ជាតិរបស់ខ្លួន ស្រឡាញ់ទឹកដីរបស់ខ្លួន ដោយខិតខំការពារ​ឲ្យបានត្រឹមត្រូវសុក្រិត កុំឲ្យបាត់បង់ទៅប្រទេសជិតខាងនោះទៅគឺបានហើយ។​ ការបាត់បង់​ទឹកដី​គឺជារឿងដ៏សែនឈឺចាប់ទាំងអស់គ្នាសំរាប់ប្រជាពលរដ្ឋ ដែលមានឈាមជ័រជាខ្មែរ សូម្បីតែ​ជនជាតិចិន ដែលបានមករស់នៅលើទឹកដីខ្មែរ​ ក៏បានសម្តែងការឈឺចាប់ដូចពលរដ្ឋខ្មែរជាម្ចាស់​ប្រទេស និងចូលរួមសោកស្តាយដូចខ្មែរដែរ ចំពោះពត៌មាន ដែលថាកម្ពុជាមានការខាតបង់ទឹកដី​។

តាមរយៈបច្ចេកទេសដែលរដ្ឋាភិបាលកម្ពុជាវៀតណាមបានប្រើ យើងមិនបានដឹងទេថាតើកម្ពុជា​មានការខាតបង់ទឹកដីដែរឬអត់។ ប៉ុន្តែបើយោងតាមការចង្អុលបង្ហាញពីអ្នកជំនាញព្រំដែន ដែល​ធ្លាប់មានបទពិសោធរឿងនេះ ហើយតាមរយៈប្រជាពលរដ្ឋខ្មែរ ដែលរស់តាមតំបន់ព្រំដែន គឺច្បាស់ណាស់ថា អ្វីដែលជាការកំណត់ព្រំដែន ដែលយកតាមសន្ធិសញ្ញាវៀតណាមកម្ពុជានោះ​គឺមិនត្រឹមត្រូវ​និងធ្វើឲ្យបាត់បង់ទឹកដីរបស់ខ្មែរ។

តាមការអះអាងកន្លងមក បន្ទាត់ព្រំដែនថ្មីមាន​គំលាតពីបន្ទាត់ចាស់កន្លែងខ្លះមួយរយម៉ែត្រ ខ្លះទៀត រហូតដល់ប្រាំរយម៉ែត្រក៏មាន។ គ្រាន់តែ​នៅ​​ក្នុងស្រុកមេមត់មួយ តាមការស្រាវជ្រាវ និងអះអាងពីលោកសុន ឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានឲ្យដឹងថា យ៉ាងហោចណាស់​មានភូមិ​ខ្មែរពី១១ ទៅ១៤ភូមិត្រូវបាត់បង់រួចជាស្រេចក្រោយឆ្នាំ១៩៧៩រហូតមក។

ពិតណាស់តែប្រជាពលរដ្ឋក្នុងរបបនេះ មិនអាចធ្វើអ្វីបាន​ដើម្បីស្រោចស្រង់ស្ថានភាពព្រំដែន​ជាមួយប្រទេសវៀតណាមក្នុងបច្ចុប្បន្ននេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនត្រូវអស់សង្ឃឹម​នោះឡើយ។ បងប្អូននៅមានឪកាស គឺក្នុងការបោះឆ្នោត ត្រូវតែធ្វើការផ្លាស់ប្តូរ មេដឹកនាំ ដែល​បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរ និងត្រូវជ្រើសយកអ្នកថ្មី ដែលមានឆន្ទៈ និងសមត្ថភាពពិតប្រាកដ ដែលមិនរណបប្រទេសវៀតណាម ដើម្បីមកដឹកនាំប្រទេស ដោះស្រាយបញ្ហាព្រំដែននេះ​ឡើងវិញ។

គណបក្សសមរង្ស៊ី នៅពេលឈ្នះឆ្នោតដឹកនាំប្រទេស មានអំណាចគ្រប់គ្រាន់ នឹងទាមទារយក​មកវិញនូវចំណែកព្រំដែន ដែលបានបាត់បង់ទៅប្រទេសជិតខាង ដោយប្រើច្បាប់ទាំងឡាយណា​ដែលធានាចំពោះបូរណភាពទឹកដីខ្មែរជាអន្តរជាតិ។

ការកំណត់ព្រំដែន ដែលធ្វើឡើង ដោយអាថ៌កំបាំង មិនឲ្យប្រជាពលរដ្ឋ សូម្បីតែអង្គការសង្គម​ស៊ីវិល ឬគណបក្សប្រឆាំងចូលរួម គឺជាទង្វើបង្កប់នូវភាពមិនប្រក្រតីហើយ។ តើបញ្ហាព្រំដែនជា​បញ្ហារបស់ក្រុមមនុស្សក្នុងជួររដ្ឋាភិបាលតែមួយក្តាប់តូចនោះ ឬក៏ជាបញ្ហារបស់ពលរដ្ឋខ្មែរទាំង​អស់គ្នា។ បើជាបញ្ហាទាំងអស់គ្នា ហើយវាត្រឹមត្រូវទៀតនោះ មិនមានអ្វីត្រូវលាក់បាំងនោះទេ។ ខ្ញុំមានសិទ្ធិដឹង អ្នកក៏មានសិទ្ធិដឹង ហើយ​យើងទាំងអស់គ្នាសុទ្ធតែមានសិទ្ធិដឹងលឺ ចំពោះនិតិវិធី និងនិយាមការដែលបានប្រើប្រាស់ក្នុងការកំណត់ទីតាំងបង្គោលព្រំដែន ​លើសពីនេះយើងទាំងអស់គ្នា ក៏មានសិទ្ធិនិយាយស្តីបើយល់ថាវាមិនប្រក្រតី។

Related Posts