Monday 11 June 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី យល់ព្រមលើកពេលជួបពិភាក្សារឿងការងាររួបរួម ជាមួយគណបក្សសិទ្ធិមនុស្ស ទៅធ្វើនៅពាក់កណ្តាលខែកក្កដា ប្រទេសហ្វីលីពីន

គណប្រតិភូគណបក្សសមរង្ស៊ី ដឹកនាំដោយលោកប្រធានសមរង្ស៊ី និងគណប្រតិភូគណបក្ស​សិទ្ធិ​មនុស្សដឹកនាំដោយលោកកឹមសុខា នឹងធ្វើដំណើរ ទៅជួបគ្នានៅប្រទេសហ្វីលីពីន នៅពាក់​កណ្តាលខែកក្កដាខាងមុខ ដើម្បីជួបពិភាក្សាការងារ លើបញ្ហារួបរួមគ្នា តាមការស្នើឡើងដោយ​គណបក្សសមរង្ស៊ី។ ដោយសារតែគណបក្សសិទ្ធិមនុស្ស បានអះអាងថាមានធុរៈនៅក្នុង​ថ្ងៃចន្លោះ២៧មិថុនា ដល់១កក្កដា ជាថ្ងៃដែលគណបក្ស សមរង្ស៊ីបានណាត់ យោងតាម​ខ្លឹមសារលិខិតថ្ងៃទី៦មិថុនា របស់គណបក្សសមរង្ស៊ីនោះ ទើបគណបក្សសមរង្ស៊ីសំរេច​លើកពេល ដើម្បីឲ្យសមស្រប និង​តាមការស្នើឡើងពីគណបក្សសិទ្ធិ​មនុស្ស។

ទីបំផុតទៅការកំណត់ពេលសារជាថ្មី គឺនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ជាកាលបរិច្ឆេទដ៏សមរម្យ ហើយគណបក្សទាំងសងខាង អាចទទួលយក បានដូចគ្នា។

ដូចនេះគេរំពឹងថា ដំណើរការចរចារ ដើម្បីរកផ្លូវរួមបញ្ជូលគ្នាតែមួយ រវាងគណបក្សសមរង្ស៊ី និង​គណបក្សសិទ្ធិមនុស្សនេះ នឹងទទួលបាន លទ្ធផលជាវិជ្ជមានជាមិនខាន។

មានតែការរួមបញ្ជូលគ្នាតែមួយទេទើបអាចធ្វើឲ្យកម្លាំងប្រជាធិបតេយ្យអាចមានជ័យជំនះលើ​ការបោះឆ្នោតខាងមុខនេះបាន។ កម្លាំងប្រជាធិបតេយ្យប្រមូលផ្តុំ ពិតជាអាចផ្តួលរំលំរបប ដែល​គេមើលឃើញថា បានជិះជាន់ធ្វើបាបដល់ប្រជារាស្ត្រខ្មែរខ្លួនឯងនេះ។

យោងលើលទ្ធផលបោះឆ្នោតឃុំ ចំនួនប្រជាពលរដ្ឋសរុប ដែលបានបោះឆ្នោតជូនអ្នក​ប្រជាធិបតេយ្យ​មានជិត២លាននាក់ ស្របពេល ដែលមាន ប្រជាពលរដ្ឋ ដែលត្រូវលុបឈ្មោះ និងមិនទៅបោះឆ្នោត ប្រមាណជាង៣លាននាក់។ លទ្ធផលនេះ បានបង្ហាញយ៉ាងវិជ្ជមានចំពោះ ដំណើរឆ្ពោះទៅរកជោគជ័យលើគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលមានសម្លេងគាំទ្រតែ​ប្រមាណជាង​៣លាននាក់ ក្នុងនោះមានសម្លេងខ្មោច សម្លេងជនអន្តោប្រវេសន៍ និងសម្លេងស្ទួន។

គណបក្សសមរង្ស៊ីបានសម្តែងនូវសុទិដ្ឋិនិយម ចំពោះការរួបរួមគ្នានេះ និងនៅតែអំពាវនាវឲ្យ​ខ្មែរ​ស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួម កម្លាំងគ្នា ដើម្បីជោគជ័យក្នុងការស្រោច​ស្រង់​​ប្រទេសនាខែកក្កដាឆ្នាំ២០១៣ខាងមុខ។

ជោគជ័យរបស់អ្នកប្រជាធិបតេយ្យ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ជាជោគជ័យ​របស់ជាតិខ្មែរ និងដើម្បីភាពគង់វង្សនៃទឹកដីខ្មែរទាំងមូល។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៤ខែមិថុនាផងដែរ បន្ទាប់ពីលទ្ធផលបណ្តោះអាសន្នត្រូវបានបង្ហាញ គណបក្សសមរង្ស៊ីបានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់ របស់ គណបក្សសិទ្ធិមនុស្ស រួមសហការ​គ្នាជាមួយក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី ក្នុងការធ្វើសេចក្តីសំរេចកំរិតមូលដ្ឋាន​មួយចំនួនដូចជា  ប្តូរមេភូមិតាមឆន្ទៈប្រជាពលរដ្ឋ ទប់ស្កាត់ការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ​ដោយខុសច្បាប់ លុបបំបាត់អំពើពុករលួយនៅមូលដ្ឋាន ថែរក្សា ទ្រព្យសម្បត្តិជាតិ និងទប់ស្កាត់​អំពើអយុត្តិធម៌ ដែលអ្នកមានអំណាចកំពុងប្រើប្រាស់ជិះជាន់ធ្វើបាបដល់ប្រជាពលរដ្ឋ។ ការស្នើ ឡើងនេះ ត្រូវបានឆ្លើយតបជាវិជ្ជមានពីគណបក្សសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសពត៌មាន​កាលពីថ្ងៃទី១០ម្សិលមិញ។ ជំហររួមគ្នានៅថ្នាក់ឃុំសង្កាត់ រវាង គណបក្សប្រជាធិបតេយ្យទាំងពីរ ក៏ត្រូវបានគេចាត់ទុកថាជាជំហានដ៏វិជ្ជមានសំរាប់ការរួមបញ្ជូលគ្នាថ្នាក់ជាតិ ដែលនឹងត្រូវពិភាក្សា​គ្នានៅពាក់ កណ្តាលខែកក្កដា នាប្រទេសហ្វីលីពីនផងដែរ។

Related Posts