Wednesday 09 May 2012

ទំព័រដើម សកម្មភាព

អគ្គលេខាធិការគណបក្សសមរង្ស៊ី ជួបសំណេះសំណាលជាមួយបេក្ខជន ក្រុមប្រឹក្សាឃុំ ប្រមាណ ៨០នាក់ ក្នុងស្រុកគូលេន ខេត្តព្រះវិហារ នៅថ្ងៃនេះ

ពិធីនេះបានធ្វើឡើងនៅក្នុងឃុំគូលេន ស្រុកគូលេន ខេត្តព្រះវិហារ ដោយក៏មានការចូលរួមពី លោកម៉ែនសុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំស្រុក ខេត្តមួយចំនួនទៀត។

ខ្លឹមសារនៃជំនួបនេះ គឺដើម្បីផ្តល់ជាគំនិត ដល់បេក្ខជនឈរឈ្មោះទាំងអស់ ដែលមកពី​គណបក្សសមរង្ស៊ី ឲ្យត្រៀម​ខ្លួន និងចូលរួមការឃោសនាបោះឆ្នោតនាពេលខាងមុខ ដែលនឹង​ចូល​មកដល់ នៅថ្ងៃទី១៨ ខែឧសភា។

ដើម្បីចូលរួមការឃោសនាខាងមុខ បេក្ខជនទាំងអស់ត្រូវតែយល់ឲ្យបានច្បាស់នូវគោល​នយោបាយរបស់គណបក្សដែលបានដាក់ចេញ ពិសេសគោលការណ៍សំរាប់បេក្ខជនមេឃុំ ចៅសង្កាត់ ដែលបានកំណត់ឡើងដោយថ្នាក់ដឹកនាំគណបក្ស។ អ្វីទាំងនេះ​បេក្ខជនទាំងអស់ នឹងត្រូវយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីស្វែងរកការគាំទ្រ។

លោកស្រីកែសុវណ្ណរតន៍បានបញ្ជាក់ជំហរទៀតថា អ្វីដែលគណបក្សសមរង្ស៊ីបានដាក់ចេញ​សំរាប់​​មេឃុំ ចៅសង្កាត់ របស់គណបក្សដែលជាប់ឆ្នោត គឺត្រូវតែអនុវត្តឲ្យបានជោគជ័យ ដោយគ្មាន​ការគេចវេសនោះឡើយ។​ ករណីមេឃុំ ឬចៅសង្កាត់ ដែលជាប់ឆ្នោត មានកំហុសឆ្គង ដែលផ្ទុយទៅនឹងគោលការណ៍ទាំង​អស់នោះ មេឃុំ ឬចៅសង្កាត់ រូបនោះ នឹងត្រូវដកចេញ​ពីតំណែងរបស់ខ្លួនភ្លាម។  លោកស្រីសូមឲ្យបេក្ខជនទាំងអស់ នៅពេលជាប់ឆ្នោត ត្រូវយកគំរូ តាមលោកប៉ូយទុំ មេឃុំត្បែង២របស់គណបក្សសមរង្ស៊ី ដែលបានធ្វើដោយជោគជ័យក្នុងការ អភិវឌ្ឍ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ។ លើសពីនេះ មេឃុំ និងចៅ​សង្កាត់ចំនួន២៧ផ្សេងទៀតនៅទូទាំងប្រទេស ដែលជាប់ឆ្នោតមកពីគណបក្សសមរង្ស៊ី ក៏សុទ្ធតែ បានអនុវត្តនូវតួនាទីរបស់ខ្លួនបានយ៉ាងឥតខ្ចោះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ និងបានរស់នៅដោយភាពសុខសាន្តថែមទៀតផង។ នេះជាគំរូ និងវីរភាព សំរាប់មេឃុំ ឬចៅសង្កាត់របស់គណបក្ស ដែលនឹងជាប់ឆ្នោតថ្មី ក្រោយថ្ងៃទី៣ ខែមិថុនា ខាងមុខ។

Related Posts