Thursday 26 April 2012

ទំព័រដើម សកម្មភាព

លោកប្រធានស្តីទី គង់ គាំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃនេះ

ដោយមានការរៀបចំកម្មវិធីដោយគណបក្សសមរង្ស៊ីខេត្តកណ្តាល សហការជាមួយនឹង​គណបក្ស​ឃុំ ស្រុក នៅក្នុងខេត្ត នាព្រឹកនេះ លោកប្រធានស្តីទី គង់គាំ បានជួបសំណេះសំណាល​ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន២មានឃុំលើកដែក និងឃុំពោធិបាន ក្នុងស្រុកកោះធំ។

ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹង ជំរាបប្រាប់បងប្អូន ដែលជាម្ចាស់ឆ្នោតអំពីពត៌មានមួយចំនួនពាក់ព័ន្ធនឹងបញ្ហា សេដ្ឋកិច្ច នយោបាយនៅក្នុងប្រទេស ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់មានមូលដ្ឋានក្នុងការសំរេច​ចិត្ត ជ្រើសរើសមេដឹកនាំ ខណៈការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។

កម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ជាផ្នែកមួយដែលលោកប្រធានស្តីទីគង់គាំ នឹងឆ្លៀតឪកាសធ្វើការផ្សព្វផ្សាយពីគោលនយោបាយ​របស់គណបក្សទៅកាន់បងប្អូនប្រជាពលរដ្ឋ វិបត្តដែលកំពុងកើតមានឡើងក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងដំណោះស្រាយ ដែលគណបក្សសមរង្ស៊ីនឹង​ដោះស្រាយឲ្យបាននៅពេលឈ្នះឆ្នោតឡើងកាន់អំណាចដឹកនាំប្រទេស ហើយចំពោះមុខនេះ គឺ ធ្វើយ៉ាងណាឲ្យគណបក្សសមរង្ស៊ីមានតំណាងជាមេឃុំ ឬចៅសង្កាត់កាន់តែច្រើនជាមុនសិន។

លោកប្រធានស្តីទីគង់គាំ ក៏នឹងជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋផងដែរ អំពីភាពចាំបាច់នៃការ​ផ្លាស់ប្តូរ។ ការផ្លាស់ប្តូរត្រូវតែធ្វើឡើង នៅពេលដែលការដឹកនាំក្នុងរបបចាស់មិនបានឆ្លើយតប​ទៅ​នឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ មានការប្រព្រឹត្តអំពើពុករលួយ ការលក់ទ្រព្យ​សម្បត្តិជាតិ ការបំផ្លាញធនធានធម្មជាតិ រួមទាំងការដណ្តើមយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើ​ម។ ដូចច្នេះដើម្បីឲ្យបញ្ហាទាំងនោះត្រូវបានដោះស្រាយប្រជាពលរដ្ឋត្រូវតែនាំគ្នាធ្វើការផ្លាស់ប្តូរ។ នៅតាមបណ្តាប្រទេសមួយចំនួនការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមរយៈការបំផុសចលនាមហាជន ដើម្បីធ្វើការតវ៉ាទំលាក់មេដឹកនាំចាស់ ហើយមានពេលខ្លះធ្លាយជាអំពើហឹង្សាថែមទៀតផង ប៉ុន្តែ​សំរាប់ប្រទេសកម្ពុជា លោកប្រធានស្តីទីគង់គាំសង្ឃឹមថា ការបោះឆ្នោតនឹងក្លាយទៅជាជំរើស​សំរាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្តូរមេដឹកនាំប្រទេស បើទោះបីមានចលនាមហាជនកើត​ឡើងច្រើនករណីទៅហើយក៏ដោយ ដែលប្រជាពលរដ្ឋបានក្រោកឡើងតស៊ូប្រឆាំងការ ដណ្តើមដីធ្លីរបស់ពួកគាត់។

សូមបញ្ជាក់ថាបន្ទាប់ពីជំនួបជាមួយប្រជាពលរដ្ឋនៅក្នុង ឃុំលើកដែក និងឃុំពោធិបាន ស្រុក​កោះធំ ខេត្តកណ្តាលនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹងបន្តជួបជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំខ្ពប និងឃុំស្វាយប្រទាល ស្រុកស្អាង នៅល្ងាចនេះ។

ហើយនៅថ្ងៃស្អែកលោកជួបជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

Related Posts