Wednesday 10 August 2011

ទំព័រដើម សកម្មភាព

UNDP រៀបចំសិក្ខាសាលាជាមួយចលនាស្ត្រី និងយុវជនរបស់គណបក្ស សម រង្ស៊ី

នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី នាថ្ងៃពុធទី២៧ ខែកក្កដា​ មានរៀបចំ​សិក្ខាសាលា ជាមួយកម្មវិធីអភិវឌ្ឍន៏សហប្រជាជាតិ  UNDP ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការស្រាវជ្រាវមួយ​ធ្វើឡើងដោយកម្មវិធីនេះ ដោយផ្តោតសំខាន់លើបញ្ហាយុវជន និង​ការចូលរួម ។

សិក្ខាកាមចូលរួមមានតំណាងយុវជនទូទាំងរាជធានីភ្នំពេញ រួមទាំងតំណាងចលនាស្ត្រី​របស់គណបក្ស សរុបប្រមាណ៥០នាក់ ។

ការសិក្សាអំពីការចូលរួមរបស់យុវជនកម្ពុជា និងការទទួលបានចំណេះដឹងពីប្រព័ន្ធផ្សព្វ​ផ្សាយ ទៅលើអ្វីទៅហៅថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយ BBC WORLD SERVICE TRUST ដែលបានទទួល​ការឧបត្ថម្ភថវិកាដោយ UNDP ក្នុងឆ្នាំ២០១០ ។​  ការសិក្សានេះត្រូវបានរួម​បញ្ចូលវិធីសាស្ត្រចំនួន២គឺ បែបគុណវិស័យ និង​បរិមាណវិស័យ ដែលផ្នែកទាំងពីរនេះបំពេញព័ត៌មានឲ្យ​គ្នាទៅវិញទៅមក ។ ទិន្នន័យទាំង​អស់ប្រមូលបានមកពីការធ្វើសំភាសន៏ផ្ទាល់ជាមួយយុវជនប្រមាណ២០០០នាក់ អាយុ​ចន្លោះ​ពី​ ១៥-២៤ឆ្នាំ រស់នៅក្នុងតំបន់ចំនួន៥ រួមមានភ្នំពេញ តំបន់វាលរាប តំបន់ឆ្នេរ តំបន់​ទន្លេសាប និងតំបន់ភ្នំ។

យុវជនទាំងអស់ផ្តល់នូវចំលើយខុសគ្នាអំពីពាក្យចំនួន៣ គឺសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរកឃើញថា យុវជនភាគច្រើនមិនបានដឹងពីពាក្យ​ទាំង​​​​​​​​​​​​នេះទេ ។ យុវជន១ភាគ៤ ឆ្លើយថាមិនដឹងពីអត្ថន័យនៃពាក្យទាំងនេះ ហើយអ្នកដែល​បានដឹងគឺតាមរយៈ​ការបណ្តុះបណ្តាលនៅសាលា ដែលមានចំនួនប្រមាណ១ភាគ៤ដែរ ស្រប​ពេលដែលមានអ្នកខ្លះបាន​ឆ្លើយនូវការចោទសួរសំនួរទាំងនេះ ដោយច្របូកច្របល់​។​

បើទោះបីជាមានយុវជនភាគច្រើនបានស្គាល់ពាក្យថាក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែពួកគេ​មិនបានដឹងថាតើ ស្ថាប័ននេះមានតួនាទីធ្វើអ្វីទេ ហើយរដ្ឋសភាក៏ដូច្នេះដែរ មានតែ១ភាគ​៣​​នៃ​​យុវជនដែលបានសំភាសន៏​ប៉ុណ្ណោះបានដឹងថាស្ថាប័ន​នេះមានតួនាទីធ្វើអ្វី ។

អំពីពាក្យតម្លាភាព និងគណនេយ្យភាព យុវជនភាគតិចបំផុតបានយល់អំពីពាក្យនេះ ប៉ុន្តែអ្នកភាគច្រើន​បានទទូចចង់ឲ្យឃើញមានការតែងតាំងមន្ត្រីចូលបំរើការងារក្នុងស្ថាប័ន​រដ្ឋ ត្រូវឈរលើ គុណសម្បត្តិ​ជាជាងបញ្ហាបក្សពួក ។

ជាអនុសាសន៍ ការស្រាវជ្រាវបានលើកឡើងថា ត្រូវតែមានការបង្កើនការយល់ដឹងអំពី​អត្ថន័យ គោលគំនិតនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច និងការពាក់ព័ន្ធពលរដ្ឋក្នុង​ការងារសាធារណៈ ។ លើសពីនេះក៏ត្រូវបង្កើនការចេះដឹងរបស់យុវជន អំពីតួនាទីរបស់​ស្ថាប័ន​​សំខាន់ៗ ពិសេសតួនាទីរបស់ ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ ។

នៅក្នុងកិច្ចពិភាក្សា និងការចាប់អារម្មណ៍របស់អ្នកចូលរួម សិក្ខាកាមទាំងអស់បានស្នើឲ្យ UNDP​ បង្កើន​ការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យយុវជន ដែលក្នុងមួយអណត្តិ នៃរដ្ឋាភិបាលមានយុវជន ជាងមួយលាននាក់ ។ ការបង្កើនការចូលរួមរបស់យុវជន គឺជាឪកាសដើម្បីឲ្យពួកគេទទួលបានការអប់រំ និងចំណេះដឹងជាមូលដ្ឋានអំពីបញ្ហាសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ។ តំណាងយុវជនគណបក្ស សម រង្ស៊ី ក៏ បានទទូចឲ្យមានការចូល​រួមឧបត្ថម្ភដល់សកម្មភាពរបស់យុវជនគណបក្ស សម រង្ស៊ី ផងដែរ ព្រោះយុវជន​របស់គណបក្ស សម រង្ស៊ី មានគំរោងផែនការសកម្មភាពជាច្រើនដើម្បីជម្រុញការចូលរួម​របស់យុវជននៅ​ទូទាំងប្រទេស ដែលត្រូវការការគាំទ្របន្ថែម ។

ការសិក្សានេះពិតជាមានសារៈសំខាន់ ដើម្បីវាស់ស្ទង់ចំណេះដឹងរបស់យុវជនកម្ពុជា ប៉ុន្តែ​សិក្ខាកាមទាំង អស់បានស្នើឲ្យមានការរៀបចំទ្រង់ទ្រាយធំ និងទូលំទូលាយជាងនេះ ដែល​អាចឆ្លុះបញ្ចំាងឲ្យឃើញពី ឆន្ទៈ និងចំណេះដឹងរបស់យុវជនជារួម ។

យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិ ប៉ុន្តែយុវជននៅកម្ពុជា នៅមានកំរិតការយល់ដឹង​ទាប ដែលភាគ​ច្រើនជាក្រុមប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ និងនៅ​តាមតំបន់ដាច់ស្រយាល ។

គេបានស្តីបន្ទោសការខ្វះខាតដ៏ធំនេះ គឺជាកំហុសឆ្គងរបស់រដ្ឋាភិបាលកម្ពុជា ដោយសារ​តែការមិនឲ្យ​តំលៃលើក្រុមយុវជន។

រដ្ឋាភិបាលពុំមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានយុវជន​របស់​កម្ពុជានោះឡើយ ស្របពេលដែលការភ្លើតភ្លើន ការប្រឡូកដោយមិនយល់ដឹង លើការ​ប្រើប្រាស់ គ្រឿងញៀន មានការកើនឡើងច្រើន។

យុវជនមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួនទាំងកំរិតទាប ដោយយោងទៅលើបទ​ពិសោធន៍​​​​របស់ អ្នកមុនដែលរៀនចប់គ្រប់គ្រាន់ហើយមិនមានការងារធ្វើ។

ការបង្កើនការងារជូនដល់យុវជន ក៏ជាការលើកទឹកចិត្តដ៏ធំធេងផងដែរ សំរាប់ជម្រុញឲ្យ​យុវជន​​មាន​ការ ចូលរួម និងទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ គណបក្ស សម រង្ស៊ី មាន​គោល​នយោបាយច្បាស់លាស់ក្នុង ការបង្កើតការងារដល់យុវជននេះ ។

Related Posts