Wednesday 10 August 2011

ទំព័រដើម សកម្មភាព

សេចក្ដីសម្រេចរបស់តុលាការកំពូលបារាំងលើសំណុំរឿងបរិហារកេរ្តិ៍លោក សម រង្ស៊ី កំពុងក្លាយជារឿងអាម៉ាស់ធំសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា

សេចក្ដីសម្រេចរបស់តុលាការកំពូលបារាំងលើសំណុំរឿងបរិហារកេរ្តិ៍លោក សម រង្ស៊ី កំពុងក្លាយជារឿងអាម៉ាស់ធំសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា

វាមិន​ត្រឹម​តែ​ជា​ការ​ច្រាន​ចោល​នូវ​សេចក្ដី​សម្រេច​មួយ​របស់​សាលា​ឧទ្ធរណ៍​ប្រទេស​បា​រាំង​ដែល​បាន​កាត់ឲ្យ​លោក សម រង្ស៊ី ចាញ់ក្ដី​ជាមួយ​សំណង​បន្ដិច​បន្ដួច​ចំពោះ​សំណុំ​រឿង​បរិហារកេរ្តិ៍ របស់​ លោក ហោ ណាំហុង ​​ប៉ុណ្ណោះ​ទេ​តែវា​ត្រូវ​បាន​បន្ថែម​នូវ​ការ​ស្ដីបន្ទោស​ដោយ​តុលាការ​កំពូល​​ប្រទេស​នេះ​​ពីការ​មិន​យក​ចិត្ដ​ទុក​ដាក់។ ហើយ​វាក៏​ជា​ផ្នែក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដី​អាម៉ាស់​មុខ​ធ្ងន់ធ្ងរ​ផង​ដែរ​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ដែល​បាន​កាត់​សេចក្ដី​លើ​សំណុំ​រឿង​ដូច​គ្នា​នេះ ឲ្យ​លោក​ សម រង្ស៊ី មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​២ឆ្នាំ។

សេចក្ដី​សម្រេច​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​តុលាការ​កំពូល​ប្រទេស​បារាំង​បាន​រក​ឃើញ​ថា​ សាលា​ឧទ្ធរណ៏​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ភស្ដុតាង​ដែល​លោក សម រង្ស៊ី បាន​ធ្វើការ​ចោទ​ប្រកាន់​ផ្អែក​តាម​អំណះអំណាង​ព័ត៌មាន។ សេចក្ដី​សម្រេច​ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី២៧ មេសា​ នោះ បាន​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៏​ទីក្រុង​ប៉ារីស​ជាមួយ​ការ​ប្រកាស​ថា ការ​អះអាង​របស់​លោក សម រង្ស៊ី នៅ​ក្នុង​កថាខណ្ឌ​ដែល​មាន​បញ្ហា​នោះ​ថា «មិន​បាន​ហួស​ព្រំដែន​កំណត់ នៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ដែល​​បាន​អនុញ្ញាត​នោះ​ទេ»។

កាលពី​ឆ្នាំ​កន្លង​ទៅ សាលា​ឧទ្ធរណ៍​ទីក្រុង​ប៉ារីស​បាន​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ខ្លួន​ដែល​ឲ្យ​លោក សម រង្ស៊ី ចាញ់ក្ដី​លោក ហោ ណាំហុង ទាក់ទង​ការ​លើក​ឡើង​នៅ​ក្នុង​សៀវភៅ​ស្ដីពី​ជីវប្រវត្តិ​របស់​លោក សម រង្ស៊ី បោះពុម្ព​កាល​ពី​ឆ្នាំ២០០៨​ដែល​មាន​ឃ្លា​ថា លោក ហោ ណាំហុង ជាមេ​ជំរុំ​បឹង​ត្របែក នៃ​របប​ខ្មែរ​ក្រហម។ ហើយ​សេចក្ដី​សម្រេច​កាល​ពីឆ្នាំ២០០៩​នោះ បាន​បង្គាប់​ឲ្យ​លោក​ សម​ រង្ស៊ី ដក​ផ្នែក​ខ្លះ​នៃ​សៀវភៅ​ដែល​បាន​រិៈគន់​លោក ហោ ណាំហុង នោះ​ចេញ​ជាមួយ​ការ​បង្គាប់​ឲ្យ​លោក​និង​អ្នកនិពន្ធ​ជនជាតិ​បារាំង​របស់​លោក​រួមគ្នា​ចេញ​ប្រាក់​១អឺរ៉ូ​សង​ជាជម្ងឺ​ចិត្ដ​ដល់​រដ្ឋមន្រ្ដី​ក្រសួង​ការបរទេស នៃ របប ហ៊ុន សែន រូប​នេះ។

ជា​មួយ​គ្នា​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​បារាំង​បាន​បន្ដ​ស្ដី​បន្ទោស​សាលា​ឧទ្ធរណ៍​របស់​ខ្លួន​ថា មិន​បាន​​ពិនិត្យ​សើរើ​ឯកសារ​ដែល​លើក​ឡើង​ដោយ​លោក សម រង្ស៊ី ដែល​លោក​បាន​អះអាង​គាំទ្រ​ដល់​ការ​អត្ថាធិប្បាយ​របស់​លោក​ហើយ​ពុំបាន​បង្ហាញ​ថា សកម្មភាព​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បំណង មិន​ល្អ​នោះ​ទេ។

កាល​ពីខែ​មេសា​កន្លង​ទៅ​សំណុំ​រឿង​បរិហារកេរ្តិ៍ ដែល​ប្ដឹង​ដោយ​លោក ហោ ណាំហុង នៅ​ក្នុង​អង្គ​ហេតុ​ប្រហាក់​ប្រហែល​គ្នា​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ នៃ​រដ្ឋា​ភិបាល ហ៊ុន​ សែន សម្រេច​ឲ្យ​លោក​ សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ។ ជាការ​សម្រេច​ដែល​ត្រូវ​បាន​លោក សម រង្ស៊ី ចាត់​ទុក​ថា ជាល្បែង​នយោបាយ៕

Related Posts