Friday 17 June 2011

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីចាប់ផ្តើមសិក្សាពីវិស័យសុខាភិបាលសាធារណៈ ដំបូងធ្វើឡើងនៅខេត្តព្រះវិហារ

កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មួយក្រុមដឹកនាំដោយ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានចូលរួមក្នុងវេទិការ ដែលរៀបចំដោយ សមាជិកគណបក្ស សម រង្ស៊ី នៅមូលដ្ឋានក្នុង ខេត្តព្រះវិហារ ដើម្បីជួបជាមួយប្រជាពលរដ្ឋសំណេះសំណាល និងធ្វើការប្រមូលពត៌មានជុំវិញវិស័យសុខភាព​ ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ និងមានសំណូមពរ។ កម្មវិធីនេះផងដែរ ក៏មានការចូលរួមដោយផ្ទាល់ ពីលោកប្រធាន សម រង្ស៊ី តាមរយៈវីដេអូខន់ ហ្វឺរ៉េនពី រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក អំឡុងពេលលោកធ្វើទស្សនកិច្ចនៅទីនោះ ។

ការប្រមូលពត៌មានអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងសេវាសុខាភិបាល ធ្វើឡើងជាផ្នែកមួយរបស់ គណបក្ស សម រង្ស៊ី ក្នុងការធ្វើគោលនយោបាយសុខភាព សំរាប់គណបក្សនេះ ក្នុងការដឹកនាំប្រទេសជាតិ នាពេលខាងមុខ ។

លោកសុន ឆ័យប្រធានក្រុមកាងារធ្វើគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី បានថ្លែងថា ការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺដើម្បីស្តាប់នុវកង្វល់របស់ប្រជាពលរដ្ឋ ដែលពួកគាត់ជួបប្រទះ ក្នុងវិស័យសុខាភិបាល និងទទួលយកនូវសំណូមពររបស់ពួកគាត់ ដើម្បីធ្វើការប្រៀបធៀបគ្នាជាមួយនឹង ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តដទៃទៀត និងសែ្វងរកចំនុចរួម ដែលជាសេចក្តីត្រូវការធំផុតរបស់ ពួកគាត់ ហើយសេចក្តីត្រូវការនេះ នឹងក្លាយទៅជាគោលនយោបាយសុខភាពរបស់ គណបក្ស សម រង្ស៊ី ដែលនឹងត្រូវយកមកអនុវត្ត ក្នុងការដឹកនាំប្រទេសដោយ គណបក្ស សម រង្ស៊ី ។

ក្នុងន័យនេះ គណបក្ស សម រង្ស៊ី ជាគណបក្សនយោបាយតែមួយគត់នៅកម្ពុជា ដែលបានរៀបចំគោល នយោបាយរបស់គណបក្សខ្លួន ផ្តើមចេញពីសំណូមពរ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ គឺគណបក្ស សម រង្ស៊ី បានចុះទៅមូលដ្ឋានផ្ទាល់ជួបជាមួយប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋ និយាយអំពី អ្វីដែលពួកគាត់ត្រូវការ និងខ្វះខាត ហើយសកម្មភាពនេះ ធ្វើឡើងនៅទូទាំងប្រទេស ។ បន្ទាប់ពីប្រមួលពត៌មាន សេចក្តីត្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ និងក្លាយទៅជាគោលនយោបាយ របស់គណបក្ស ។

សូមបញ្ជាក់ថាបន្ទាប់ពីការចូលរួមជួបជាមួយប្រជាពលរដ្ឋ នៅក្នុងទីរួមខេត្តព្រះវិហារ ក្រុមអ្នកតំណាងរាស្ត្រ របស់គណបក្ស សម រង្ស៊ី ក៏បានចូលរួមក្នុងកម្មវិធីស្រដៀងគ្នានេះ នៅខេត្តសៀមរាប នៅថ្ងៃទី១៥ ខែឧសភា ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

នៅថ្ងៃទី១៨ខែឧសភានេះ ក្រុមការងាររៀបចំគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី នឹងធ្វើដំណើរដើរទៅកាន់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែឧសភា នៅខេត្តពោធិ៍សាត់ និងនៅថ្ងៃទី​២០ ខែឧសភា តំណាងរាស្រ្តគណបក្ស សម រង្ស៊ី នឹងចុះជួបជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តប៉ៃលិន

គណបក្ស សម រង្ស៊ី កាលពីឆ្នាំមុនក្នុងសកម្មភាពដូចគ្នានេះ បានរៀបចំជាគោលនយោបាយ កសិកម្ម រួចរាល់ហើយសំរាប់យកទៅអនុវត្ត ក្នុងការដឹកនាំប្រទេសនៅពេលទទួលបានសំលេង គាំទ្រគ្រប់គ្រាន់ពីប្រជាពលរដ្ឋ ។ គោលនយោបាយកសិកម្មរបស់ គណបក្ស សម រង្ស៊ី មានចំនួន ៧ចំនុច ក្នុងនោះផ្តោតជាសំខាន់លើការធានាឲ្យប្រជាពលរដ្ឋ ដែលជាកសិករទទួលបាននូវអត្ថ ប្រយោជន៍ ពិតប្រាកដពីការងារកសិកម្មរបស់ខ្លួន ។   

ដោយ កង ប៊ុន

Related Posts