Monday 20 June 2016

ទំព័រដើម សកម្មភាព

អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចូលរួមតវ៉ាជាមួយ​កម្មករ​រោងចក្រ​តៃយៀន​ជាលើក​ទី២ នៅព្រឹក​ថ្ងៃអង្គារ​ ទី២៤ ខែកក្កដានេះ

តំណាងព្រឹទ្ធសភា និងរដ្ឋសភា គណបក្សសមរង្ស៊ីយ៉ាងហោចណាស់៦រូបដឹកនាំដោយ​លោកស្រី កែ សុវណ្ណរតន៍ ​អគ្គលេខាធិការគណបក្សសមរង្ស៊ី បានចូលរួមឃ្លាំមើលការតវ៉ារបស់កម្មក​រោងចក្រកាត់ដេតៃយៀន ឋិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនៅព្រឹកថ្ងៃអង្គារនេះ។

កម្មកររោងចក្រតៃយៀន ប្រមាណ៣០០នាក់ បន្ទាប់ពីបានដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិក​កាលពីថ្ងៃម្សិលមិញ នៅព្រឹកនេះពួកគេបាននាំគ្នាធ្វើការតវ៉ា ដោយប៉ុនប៉ងបិទផ្លូវជាតិលេខ៤ ជាលើកទី២ ប៉ុន្តែត្រូវបានអជ្ញាធរប្រដាប់អាវុធវាយបំបែក។

កម្មកររោងចក្រតៃយាន បានទាមទារឲ្យថៅកែរោងចក្រធ្វើការដោះស្រាយសំណើររបស់ពួកគាត់​ ដែលក្នុងនោះមាន ៥​ចំណុច ដែល​សរុប​ជា​ទឹក​ប្រាក់​ទៅ​មាន​ចំនួន​ប្រមាណ ១៧០​ដុល្លារ​អាមេរិក សម្រាប់​កម្មករ​ម្នាក់​ក្នុង​មួយ​ឆ្នាំ។

ប្រាក់​អត្ថប្រយោជន៍​កម្មករ​ទាំង ៥ នោះ​រួម​មាន ប្រាក់​បណ្ដេញ​ចេញ ប្រាក់​ជូន​ដំណឹង ប្រាក់​សង​ជំងឺ​ចិត្ត ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​ខែ​ចុង​ក្រោយ។

សូមបញ្ជាក់ថាការតវ៉ានេះបានអូសបន្លាយប្រមាណ១ខែមកហើយ ដោយក្រុមកម្មករបាន​ព្យាយាមរកអន្តរាគមន៍គ្រប់ច្រកល្ហក ដើម្បីឲ្យដាក់សំពាធលើថៅកែរោងចក្រ ឲ្យយល់ព្រមធ្វើ​ការ​ដោះស្រាយសំណើររបស់កម្មករ។ ទន្ទឹមនឹងការមិនអើពើពីមន្ត្រីរដ្ឋាភិបាល មន្ត្រីសហជីពរបស់​រដ្ឋាភិបាល និងរោងចក្រ ក៏មានប្រព័ន្ធផ្សព្វផ្សាយលុតក្រាប បំរើគណបក្សកាន់អំណាចមួយចំនួន បានព្យាយាមវាយប្រហារ និងបន្ទោសបង្អាប់ចំពោះការតវ៉ារបស់កម្មករ ដែលសូម្បីតែការចូលរួម​របស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី អន្តរាគមន៍ចំពោះការតវ៉ារបស់កម្មករ ស្របពេល ដែលតំណាងរាស្ត្រគណបក្សកាន់អំណាចកំពុងសោយសុខនោះ ក៏ត្រូវបានសារពត៌មាន​អគតិ​នោះ​ធ្វើ​ការវាយប្រហារដែរ។ បើសារពត៌មាននោះពិតជាមានសតិសម្បជ្ជញ្ញៈ គេគួរតែជួយ​ជំរុញ និងផ្សព្វផ្សាយឲ្យមានការដោះស្រាយបញ្ឍប់ការតវ៉ារបស់កម្មករ ហើយមិនត្រូវមានចេតនា រារាំង​ការលូកដៃអន្តរាគមន៍ពីមជ្ឍដ្ឋានខាងក្រៅនោះទេ។

កម្មករជាកំលាំងចលករ បង្កើតចំណូលជូនជាតិរាប់រយលានដុល្លាក្នុងមួយឆ្នាំៗ។ ដូចនេះកម្មករ ត្រូវតែទទួលបានការលើកកំពស់ទាំងសិទ្ធិសេរីភាព និងអត្ថប្រយោជន៍របស់កម្មករ ដើម្បីធានា​ការគោរពច្បាប់ និងធ្វើឲ្យកម្មករមានជីវភាពរស់នៅសមរម្យ។

Related Posts