Thursday 03 May 2012

ទំព័រដើម សកម្មភាព

តំណាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងចុះពិនិត្យដីទំនាស់មួយកន្លែងរបស់ប្រជាពលរដ្ឋ ដែលត្រូវបានក្រុមហ៊ុនបង្ខាំងផ្លូវមិនឲ្យចូលធ្វើស្រែចំការ

នៅព្រឹកនេះ លោករៀល ខេមរិន្ទ្រ អនុប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី ខេត្តស្វាយរៀង ដែលអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមទ្រទ្រង់ មួយចំនួន រួមជាមួយជំទប់​ឃុំពងទឹក និងប្រជាពលរដ្ឋរងគ្រោះ បានចុះទៅពិនិត្យផ្ទាល់ដល់ដីទំនាស់មួយកន្លែង ឋិតនៅភូមិ ត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលត្រូវបានក្រុមហ៊ុនកៅស៊ូមិត្តភាព​វៀតណាម កម្ពុជា បិទផ្លូវមិនអាចឲ្យម្ចាស់ដីចូលធ្វើស្រែចំការ។

លោកស្រី លិលី ប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ថា ដីនោះជាដីកេរ្តិ៍របស់លោកស្រី ត្រូវបានក្រុម​ហ៊ុនមកសុំជួលពីលោកស្រីដើម្បីដាំដើមអំពៅ កាលពីប្រមាណ២ ឬ៣ខែមុន ប៉ុន្តែដោយសារ​តែតម្លៃទាបពេកលោកស្រីមិន​ព្រមជួល។ នៅពេលនេះ ក្រុមហ៊ុនបានជួល និងទិញដីពី​ប្រជា​ពលរដ្ឋដទៃទៀតជុំវិញនោះអស់ទាំងស្រុង នៅសល់តែដីរបស់លោកស្រីប្រមាណកន្លះហិចតា ដែលក្រុមហ៊ុនមិនព្រមជួល ឬទិញ ដែលធ្វើឲ្យលោកស្រីមិនអាចចូលធ្វើស្រែចំការបាន ព្រោះដី​នោះឋិតនៅកណ្តាលគេ ហើយគ្មានផ្លូវចេញចូលដូចពីមុនទៀត។

ករណីនេះ លោកស្រី លិ លី បានប្រាប់ទៀតថា លោកស្រីធ្លាប់បានរកជំនួយពីមេឃុំ ប៉ុន្តែត្រូវបាន​មេឃុំរុញឲ្យទៅរក ចៅហ្វាយស្រុក ហើយនៅពេលទៅដល់ត្រូវចៅហ្វាយស្រុករុញឲ្យទៅរកចៅ​ហ្វាយខេត្ត គឺលោក ជាងអំ ប៉ុន្តែត្រូវបានលោក ជាង អំ បដិសេធ ដោយរុញឲ្យទៅជួបមេឃុំវិញ។ នៅពេលទៅដល់មេឃុំ លោកស្រីត្រូវបានមេឃុំស្តីបន្ទោសដោយថា :បើចៅហ្វាយខេត្តដោះមិន​បាន តើនរណាធំជាងចៅហ្វាយខេត្តហ៊ានដោះរឿងនេះ  :។

លោកស្រីថា ដោយអស់ទំនុកចិត្តលើអជ្ញាធរ លោកស្រីបានទៅពឹងពាក់គណបក្សសមរង្ស៊ីខេត្ត​ស្វាយរៀង ហើយនៅព្រឹកនេះ លោកស្រី និងតំណាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងបានចុះ​ទៅពិនិត្យមើលដីនោះ។ បើមានដំណោះស្រាយ លោកស្រី សុំឲ្យក្រុមហ៊ុនទិញយកដីនោះតែម្តង ដោយលោកស្រីលក់ក្នុងតម្លៃ ២០០០ដុល្លា។

លោករៀលខេមរិន្ទ ដែលបានដឹកនាំក្រុមការងាររបស់លោក ទៅពិនិត្យមើលដីទំនាស់ លោកបាន​បញ្ជាក់ថា តាមឯកសារ ដែលលោកស្រី លិ លី បានបង្ហាញ និងដីជាក់ស្តែង ​វាពិតជាដីរបស់លោកស្រី លិ លី ពិតប្រាកដ។ លោកថាដីនោះត្រូវបានក្រុមហ៊ុនព្ជួរលើ អស់មួយ​ផ្នែក ហើយមួយផ្នែកទៀត ត្រូវបានក្រុមហ៊ុនរំលោភយកមកធ្វើផ្លូវ ដូចនេះបន្ថែមពីលើការបិទផ្លូវ​មិនឲ្យម្ចាស់ដីអាចចូលធ្វើស្រែចំការបាន ក្រុមហ៊ុននៅបានរំលោភយកចំណីដីរបស់ជនរងគ្រោះ បន្តិចម្តងៗថែមទៀត។ លោកថា លោកនឹងចរចាជាមួយតំណាងក្រុមហ៊ុន ដើម្បីរកដំណោះ​ស្រាយ​ជូនជនរងគ្រោះ គឺលោកស្រី លិ លី។

Related Posts