Wednesday 10 August 2011

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្សសមរង្ស៊ីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ដើម្បីឆ្លើយតបទៅ នឹងអសមត្ថភាពក្នុងការដោះស្រាយវិបត្តព្រំដែន

សកម្មភាពលោកប្រធាន សម រង្ស៊ី នៅព្រំដែន ស្រុកចន្ទ្រា ខេត្តស្វាយរៀង


ជាថ្មីម្តងទៀត សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាប្រញាប់ ប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដើម្បីការពារបូរណភាពទឹកដីខ្មែរ ប្រឆាំង នឹងបរទេសឈ្លានពានប្រកបដោយប្រសិទ្ធិភាព។ នៅក្នុងសេចក្តីថ្លែងការណ៍ជាចំហររបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចុះថ្ងៃទី២២ខែមិថុនានេះបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនដែលបានយកចិត្តទុកដាក់ក្នុងការលើកយកកិច្ច ព្រមព្រៀងក្រុងប៉ារីស មកអនុវត្តនោះទេ ទោះបីសមាជិកសភាគណបក្ស សម រង្ស៊ី បានទទូច ជាញឹកញាប់ក៏ដោយ ។ ការខកខាន នេះហើយ ដែលធ្វើឲ្យកម្ពុជាមិនអាចបញ្ចប់មហិច្ឆិតា ឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាងបានជោគជ័យ ។

សេចក្តីថ្លែងការ បានបញ្ជាក់ទៀតថា រដ្ឋាភិបាល មិនដែលបានធ្វើការឆ្លើយតបទៅនឹងការចោទ សួររបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ថាតើហេតុអ្វីបានជារដ្ឋាភិបាលមិនប្រើប្រាស់ សន្ធិសញ្ញាដ៏មានប្រសិទ្ធិភាពនោះទេ ។

លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានប្រាប់សារពត៌មានបរទេសមួយថា រដ្ឋាភិបាល មិនប្រើប្រាស់សន្ធិសញ្ញានោះទេ ព្រោះសាលក្រមតុលាការអន្តរជាតិមានប្រសិទ្ធិ ភាពជាង ។ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយរហូតមកទល់ពេលនេះជំលោះព្រំដែនកម្ពុជា-សៀម នៅតែអូសបន្លាយ ពុំអាចរកទីបញ្ចប់បាន ទោះបីខ្មែរ បានដឹកដៃសៀមឡើងតុលាការ ស្តាប់ការបកស្រាយ សាលក្រមរួចហើយក៏ដោយ ។ សំរាប់គណបក្ស សម រង្ស៊ី បានមើល ឃើញពីមូលហេតុពិតប្រាកដ ឋិតនៅពីខាងក្រោយ ដែលធ្វើឲ្យអាវុធដ៏មុតស្រួច គឺកិច្ចព្រមព្រៀង ក្រុងប៉ារីស ត្រូវបានខកខាន យកមកប្រើប្រាស់ការពារខ្លួន ។ លោក សម រង្ស៊ី ធ្លាប់បាន អធិប្បាយថា រដ្ឋាភិបាលកម្ពុជារណប ប្រទេសយួន នៅពេលប្រើប្រាស់កិច្ចព្រមព្រៀងក្រុងប៉ារីស វានឹងប៉ះទាំងសៀម​ ប៉ះទាំងយួនផង ព្រោះបានចែងអំពីភាព មិនអាចរំលោភបានទាល់តែសោះ នៃទឹកដីអព្យាក្រិតភាពរបស់កម្ពុជា ។ លោកថាប្រទេសសៀមគេបានប្រើកំលាំងប្រដាប់អាវុធ ដើម្បីទន្ទ្រានដីខ្មែរ ខុសពីប្រទេសយួន ដែលរំកិលចូលមកដោយស្ងាត់ៗតាមរយៈកលល្បិចត្រជាក់ ។ ដូចនេះបើនិយាយពីកិច្ច ព្រមព្រៀងក្រុងប៉ារីសគឺ មានភ្ជាប់ជាមួយការការពារទឹកដីខ្មែរ ទាំងខាងលិច និងខាងកើត ។ ហើយការប្រើប្រាស់សន្ធិសញ្ញាក្រុងប៉ារីស នឹងធ្វើឲ្យរដ្ឋាភិបាលយួនមិនសប្បាយចិត្ត និងប្រតិកម្ម ជំទាស់មិនខាន ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការអសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយរឿងព្រំដែនជាមួយប្រទេសសៀម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ដោយ សន្តិភាពគ្មានការបង្ហូរឈាម។

ជំលោះព្រំដែនបានកើតមានតាំងពីខែកក្កដាឆ្នាំ២០០៧ ហើយអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដែលមានទាហ៊ានកម្ពុជាស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ ការពារទឹកដីទល់នឹងប្រទេស សៀមនេះ ។ កម្ពុជា បានចាយវាយថវិការរាប់លានដុល្លា ក្នុងមួយឆ្នាំ ដើម្បីកិច្ចការពារព្រំដែននេះ ប៉ុន្តែសំរាប់គណបក្ស សម រង្ស៊ី បានមើលឃើញនូវ ជំរើសដ៏ល្អមិនបង្ហូរឈាម និងមិនចំណាយថវិការ គឺការប្រើប្រាស់សន្ធិសញ្ញាក្រុងប៉ារីស ។ ហើយប្រសិនបើ រដ្ឋាភិបាល បច្ចុប្បន្ន មិនក្លាហានក្នុងការប្រើប្រាស់សន្ធិសញ្ញានេះ ត្រូវតែចុះចេញពីតំណែង ទុកលទ្ធភាពឲ្យអ្នកថ្មី ដែលមានជំហរការពារជាតិពិតប្រាកដទាំងខាងលិច និងខាងកើត គេប្រើប្រាស់ ដើម្បីរក្សាទឹកដី ឲ្យនៅគង់វង្ស ៕​ កង​ ប៊ុន

 

Related Posts